មានមនុស្សជាច្រើននៅពេលខ្លះគិតថា រស់នៅប៉ុណ្ណឹងល្មមគ្រប់គ្រាន់ហើយ។ ប្រសិនបើអ្នកគិតដល់រាល់បញ្ហាលំបាកនានា ក្នុងជីវិតដែលអាចនាំឱ្យអ្នកគិតថា មិនគួររស់នៅតទៅទៀតនោះទេ ប្រការនេះជាហេតុផលដែលអ្នកត្រូវមកពិគ្រោះ ជាមួយវេជ្ជបណ្ឌិតឯកទេសផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហាលំបាកទាំងនោះ។
ការពិតណាស់ថា ការធុញថប់នឹងជីវិត អាចកើតមានជាហូរហែរ ហើយវាគ្រាន់តែជាប្រតិកម្មផ្លូវចិត្តទៅនឹងព្រឹត្តការណ៍មិនសមបំណង ឱ្យមិនសប្បាយចិត្តអ្វីមួយ ដោយវាកើតឡើងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ហើយយើងតែងតែនិយាយពិគ្រោះបញ្ហាទាំងនោះ ជាមួយមិត្តភ័ក្រ ឬក្រុមគ្រួសារ ឬរកការដោះស្រាយផ្សេងៗ បន្ទាប់មកការគិតបែបនោះ នឹងរលាយបាត់ទៅវិញដោយឯកឯង។ ចំពោះបុគ្គលមួយចំនួន គំនិតចង់សម្លាប់ខ្លួន ឬគំរាមសម្លាប់ខ្លួន នៅដក់ជាប់ក្នុងចិត្តជានិច្ច ដោយមានការពាក់ព័ន្ធទៅនឹងជំងឺផ្លូវចិត្ត ឬបញ្ហាលំបាកធ្ងន់ធ្ងរក្នុងជីវិត។ល។

បញ្ហាផ្លូវចិត្ត ដែលពាក់ព័ន្ធដល់ការសម្លាប់ខ្លួនមាន៖
ជំងឺធ្លាក់ទឹកចិត្ត៖ គឺជាមូលហេតុចំបងបំផុតនៃការធ្វើអត្តឃាត។ ជំងឺធ្លាក់ទឹកចិត្តអាចធ្វើឱ្យបុគ្គលមានអារម្មណ៍ធ្លាក់ចុះយ៉ាងខ្លាំង បាត់បង់ការចាប់អារម្មណ៍ក្នុងជិវិត និងបាត់បង់ក្ដីសង្ឃឹមចំពោះអនាគត។
ការប្រើប្រាស់សុរា ឬថ្នាំញៀន៖ ទោះបីមនុស្សជាច្រើនប្រើប្រាស់សុរា ឬថ្នាំញៀន ដើម្បីឱ្យមានអារម្មណ៍ល្អ តាមពិតសារធាតុទាំងនោះ អាចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល។
ការមិនអាចបញ្ឈប់ការប្រើសារធាតុញៀន និងបញ្ហាខ្វះខាតប្រាក់កាស ក្នុងការរស់នៅក៏ជាកត្តានាំឱ្យមានអារម្មណ៍ចង់ស្លាប់ដែរ។
បញ្ហាសុខភាពរ៉ាំរ៉ៃ៖ ជំងឺដែលមានការឈឺចាប់ ឬដែលមិនអាចព្យាបាលបាន ក៏អាចជា
កត្តាដែលនាំឱ្យអ្នកជំងឺចង់ធ្វើអត្តឃាតផងដែរ។
ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ៖ បុគ្គលដែលមានជំងឺវិកលចរិត ក៏អាចគិតចង់សម្លាប់ខ្លួនផងដែរ។
កត្តាសង្គមរស់នៅ និងបុគ្គលិកលក្ខណៈរបស់បុគ្គលផ្ទាល់ មានតួនាទីសំខាន់ក្នុងបុព្វហេតុជំងឺផ្លូវចិត្ត។
កត្តានៃការរស់នៅដែលអាចនាំឱ្យមនុស្សមិនសប្បាយរីករាយ និងមានគំនិតធ្វើអត្តឃាតមានដូចជា៖
ទំនាក់ទំនងរស់នៅមិនល្អ៖ ជាពិសេសទំនាក់ទំនងរវាងប្ដីប្រពន្ធ។
ភាពក្រីក្រ និងបញ្ហាលំបាកផ្នែកសេដ្ឋកិច្ច៖ ជាពិសេសនៅពេលដែលបញ្ហានេះកើតមានភ្លាមៗ ដូចជាការបាត់បង់ការងារជាដើម។
ការបាត់បង់មនុស្សជាទីស្រលាញ់ ការសោកសង្រេង។


